កម្ពុជា-ឥណ្ឌា ព្រមព្រៀងបន្តពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងបដិសណ្ឋារកិច្ចខណៈមានការហោះហើរត្រង់
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ទេវ្យានី ឧត្តម ខូប្រាគតិ (DEVYANI UTTAM KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងឯកភាពបង្កើនកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដើម្បីបង្កើនកម្លាំងពលកម្មជំនាញចូលក្នុងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍។
នេះគឺជាខ្លឹមសារសំខាន់ក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលោករដ្ឋមន្ត្រីបានបញ្ជាក់ពីវឌ្ឍនភាពរបស់កម្ពុជាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ដែលបាននិងកំពុងដើរតួនាទីសំខាន់ក្នុងការជ្រោងសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការអនុវត្តចក្ខុវិស័យកម្មវិធីជាតិលើការបណ្តុះបណ្ត...








