កម្ពុជានិងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការហើយ
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃប្រទេសទាំងពីរ។
ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងម...







