នៅពេលសម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែងមានមោទនភាពចំពោះជាតិខ្លួនដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយនៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ អារ្យធម៌ខ្ពង់ខ្ពស់ និងឫទ្ធានុភាពអស្ចារ្យ គ្មានជាតិសាសន៍ណាអាចប្រមាថបាន។
បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាពនេះដែរ ដោយបានចារឹកថា «ប្រជារាស្ត្រខ្មែរធ្លាប់មានអារ្យធម៌ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំង ដូចពេជ្រពណ្ណរាយ»។
សម័យអង្គរដ៏រុងរឿង ត្រូវបានចាត់ទុកជាយុគមាសនៃប្រវត្តិសាស្ត្រខ្មែរ។ បុព្វបុរសខ្មែរសម័យនោះ បានកសាងមហាប្រាសាទសិលារាប់ពាន់ដែលរាយប៉ាយពាសពេញផ្ទៃប្រទេស និងក៏មាននៅក្នុងប្រទេសជិតខាងនាពេលបច្ចុប្បន្ននេះផងដែរ។ ប្រជារាស្ត្រខ្មែរនិងអ្នកដឹកនាំរបស់ខ្លួនតែងតែមានមោទនភាពចំពោះកេរដំណែលដ៏មហស្ចារ្យទាំងនោះ ដែលបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយក៏បានទទួលផលប្រយោជន៍ដ៏មហាសាលពីកេរដ...