ទូតអាមេរិក សសើរកម្ពុជាដែលការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានល្អជាងគេ
បាត់ដំបង ៖ លោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ជួបជាមួយ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ដើម្បីពិភាក្សាការងារអំពីកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយនឹងសហរដ្ឋ អាមេរិក។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងថា ជំនួយរបស់សហរដ្ឋអាមេរិក ក្នុងការជួយប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងទាំងផ្នែកកសិកម្ម និងផ្នែកអប់រំជាដើម នេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
អភិបាលខេត្ត បានបន្តទៀតថា ខេត្តបាត់ដំបងមិនខុសពីបណ្ដាខេត្តនានានៅប្រទេសកម្ពុជា ដែលបានជួបនូវវិបត្តិគ្រោះធម្មជាតិ មានដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ហើយចំពោះគ្រោះទឹកជំនន់កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបងបានសហការគ្នាជាមួយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនានា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋភ្លាមៗឲ្យបានទាន់ពេលវេលា ។
...








