នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ សន្តិភាពដែលកម្ពុជាទទួលបាន កំពុងត្រូវគំរាមកំហែងពីពួកក្បត់ជាតិ ដូច្នេះយើងទាំងអស់គ្នាត្រូវពង្រឹងស្មារតីស្រឡាញ់ និងការពារសន្តិភាព
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានបរិញ្ញាបត្រភាសាចិនជំនាន់ទី៣ និងវគ្គបណ្តុះបណ្តាលនាយទាហានបឋមជំនាន់ទី១ ដែលពិធីនេះបានរៀបចំឡើងនៅវិទ្យាស្ថាននាយទាហានចម្រុះ ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។
មានមតិក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថាននាយទាហានចម្រុះ ដែលបានសហការល្អជាមួយភាគីមិត្តចិន ទីចាត់ការហ្វឹកហ្វឺន ក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ កម្មវិធីសិក្សា សម្ភារៈឧបទេសសិក្សា សម្រាប់បណ្តុះបណ្តាលវគ្គទាំងពីរនេះតាមផែនការកំណត់។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអរគុណចំពោះ បក្ស រដ្ឋ និងប្រជាជនចិន ដែលជានិច្ចកាលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាទាំងសម្ភារៈ ថវិកា ក្នុងនោះកងទ័ពរំដោះប្រជាជនចិន បានជួយដល់កងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហ...








