លោកអភិសន្តិបណ្ឌិត ស សុខា ជូនពរប្រទេសឡាវ ទទួលជោគជ័យក្នុងតួនាទីប្រធានអាស៊ានប្ដូរវេន ដែលនឹងមានកិច្ចប្រជុំធំៗ នាពេលខាងមុខនេះ
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងជូនពរសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឱ្យទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនឆ្នាំ២០២៤ ជាពិសេសជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតដែលមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំប្រទេស និងអង្គការអន្តរជាតិជាច្រើន នាពេលខាងមុខនេះ។
ការថ្លែងជូនពរពីប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងនាឱកាសទទួល លោក បួរកែវ ភូមិវង្សកែវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងក្របខណ្ឌការងារអាស៊ានដដែលនេះ លោកអភិសន្តិបណ្ឌិត បានចូលរួមអបអរសាទររដ្ឋាភិបាលក្រុងវៀងច័ន្ទ ដែលថ្មីៗនេះ បានរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លង...








