បញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ខេត្តព្រៃវែង
ព្រៃវែង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
លោក ភុន សម្ផស្ស អភិបាល នៃគណៈអភិបាលស្រុកព្រះស្ដេច បានឱ្យដឹងថា វត្តបឹងដោល ស្ថិតនៅភូមិបឹងដោល បានកសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម នៅឆ្នាំ១៨៩០ ស្ថិតលើដីទួលមួយកន្លែងដែលមានទំហំជិត ២ហិកតា ដោយចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទ មន្ត្រីរាជការសម័យនោះ ដោយមាន ភិក្ខុ ព្រះនាម ចឺម ជាអ្នកដឹកនាំកសាងដំបូង។ នៅឆ្នាំ១៩៧៥ របបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត វត្តនេះត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងផ្សំថ្នាំឱសថបុរាណ រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ និងពុទ្ធបរិស័ទក៏រៀបចំប...







