តុលាការក្រុងភ្នំពេញ ផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ដាក់ពន្ធនាគារប្រាំពីរឆ្នាំ និងពិន័យ១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ បានផ្តន្ទាទោសលោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងគុនមិញ ប្រទេសចិន ដោយដាក់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងពេលលោកកាន់តំណែង។
សាលក្រមផ្តន្ទាទោសអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរូបនេះ គឺធ្វើឡើងដោយលោក លិ សុខា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ ដោយរកឃើញថា លោក គ្រុយ លឹមហេង អាយុ៤៥ឆ្នាំ ពិតជាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបោះត្រាយកលុយដោយខុសច្បាប់ពីអ្នកសុំធ្វើលិខិតឆ្លងដែន និងសុំទិដ្ឋាការ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។
អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់ខ្លួនលោក គ្រុយ លឹមហេង នៅចុងឆ្នាំ២០១៩ បន្ទាប់ពីបានស្រាវជ្រាវ និងស៊ើបអង្កេតរកឃើញថា បុគ្គលរូបនេះបានប្រព្រឹត្តអំពើពុករលួយ ហើយត្រូវតុលាការក្រុងភ្នំពេញ ចេញឃុំដីកាបង្គាប់ឲ្យឃ...








