លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកក្នុងអាងទឹកអូខៃដន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃដដែល ថ្ងៃចន្ទ ៣កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយថ្នាក់ដឹកនាំក្រសួង ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្តប៉ែកពាយ័ព្យ បានបន្តពិនិត្យស្ថានភាពទឹក នៅច្រកអូរល្ហុង នៃអាងទឹកអូខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ស្ថានភាពទឹកនៅច្រកទឹកខាងលើនេះ មានកម្រិតធម្មតាជាប្រក្រតីនៅឡើយ បើទោះជាបានទទួលបរិមាណទឹកមួយផ្នែកហូរពីប្រទេសថៃ និងបរិមាណទឹកភ្លៀងធ្លាក់ច្រើនក៏ដោយ។
ដោយឡែកការលិចលង់ នៅតំបន់ទំនាបភាគច្រើន នៃក្រុងសិរីសោភ័ណ គឺបណ្តាលមកពីបរិមាណទឹកភ្លៀងធ្លាក់ច្រើនលើសលប់ បើគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានបរិមាណទឹកភ្លៀងធ្លាក់ជាង៦០០ មីលីម៉ែត្រ ហើយការជន់លិចនឹងឆាប់ហូរស្រកចុះជាបន្តបន្ទាប់ទៅវិញ ពេលអាកាសធាតុអំណោយផលនាពេលដ៏ខ្លីខាងមុខ។
...








