សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅស្រុកបាទី ខេត្ដតាកែវ
(តាកែវ)៖ ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ អនុស្សាវរីយ៍ជីវិតពីអតីតកាលនៅតែដិតដាមជាប់ជានិច្ចមិនអាចបំភ្លេចបាននោះឡើយ បើទោះបីពេលបច្ចុប្បន្នសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្លាយជាឥស្សរជនដ៏ឧត្តមរបស់ជាតិយ៉ាងណាក្តី។ ស្លាកស្នាមអនុស្សាវរីយ៍នៃជីវិតជាកសិករ ផ្សារភ្ជាប់នឹងទឹកចិត្តស្រឡាញ់អាណិតចំពោះកសិករ តែងជំរុញឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយច្រូតកាត់ជាមួយប្រជាកសិករស្ទើរតែរៀងរាល់ឆ្នាំ នៅពេលរដូវច្រូតកាត់ឈានចូលមកដល់។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំឧត្តមភរិយាមន្ដ្រីថ្នាក់ដឹកនាំ អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។
នៅលើវាលស្រែស្រូវទុំពណ៌មាសដួលរាបស្មើលើគ្នា លាតសន្ធឹងយ៉ាងល្វឹងល្វើយ ដែលជាការបង្ហាញឱ្យឃើញនូវទិ...








