អាស៊ានកំពុងពន្លឿនការអនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញទេសចរណ៍ថ្មី តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត
(ភ្នំពេញ)៖ ក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានកំពុងពន្លឿនការអនុវត្តម្រោងថ្មីនៃការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត។
សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំដោយប្រទេសហ្វីលីពីន ក្រោមប្រធានបទ «អ្នកជំនាញទេសចរណ៍អាស៊ាន៖ សម្របខ្លួនជាមួយនឹងទម្លាប់ថ្មី» ដោយមានការចូលរួមពីមន្ត្រីជំនាញផ្នែកឯកជន ជាពិសេសស្ថាប័នអប់រំបណ្ដុះបណ្ដាលនៃប្រទេសសមាជិកអាស៊ានទាំង ១០ ប្រមាណ ១,០០០នាក់ និងមានការចូលរួមកម្មវិធីបើកដោយលោកស្រី Bernadette Romulo Puyat រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ហើយមន្ត្រីជំនាញក្រសួងទេសចរណ៍កម្ពុជា ក៏បានចូលរួមជាវាគ្មិននៃកិច្ចពិភាក្សាផងដែរ។
លោកអគ្គលេខាធិការ លីម ចុកហូយ បានប្រាប់ឲ្យដឹងថា អាស៊ានមានប្រព័ន្ធចុះបញ្ជ...






