សម្តេចក្រឡាហោម ស ខេង៖ សមត្ថកិច្ច មិនត្រូវយកអំណាច និងបុណ្យស័ក្តិទៅអន្តរាគមន៍ ឬកាងបទល្មើស
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសណែនាំដល់មន្ត្រីអាជ្ញាធរសមត្ថកិច្ច ឲ្យបញ្ឈប់ការយកអំណាច និងបុណ្យស័ក្តិទៅអន្តរាគមន៍ ឬកាងបទល្មើសនានា ដែលក្នុងនោះ មានទាំងបទល្មើសផលិតផលក្លែងក្លាយផងដែរ។ ក្នុងនោះ មន្ត្រីសមត្ថកិច្ច ក៏ត្រូវបញ្ឈប់ការចិញ្ចឹមបញ្ហា ដោយត្រូវមានវិធានការបង្ក្រាបជាក់ស្តែង និងស្វែងរកមេក្លោងយកមកផ្តន្ទាទោសតាមច្បាប់។
សម្តេចក្រឡាហោមមានប្រសាសន៍បែបនេះ ក្នុងពិធីកម្ទេចផលិតផលក្លែងក្លាយ-ខុសច្បាប់ ចំនួនជាង ៧០តោន នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
សម្តេចក្រឡាហោម ស ខេង ក៏បានប្រាប់ដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ឲ្យយកចិត្តទុកដាក់ជាអាទិភាពលើផលិតផលក្លែងក្លាយ ដូចជា ថ្នាំពេទ្យ ចំណីអាហារ គ្រឿងបរិភោគ និងភេសជ្ជៈ ដែលបរិភោ...








