ផ្លូវជាតិលេខ ៤៨ ជួលជុលរួចរាល់ ខណៈ បុណ្យសមុទ្រជិតចូលមកដល់
ប្រជាពលរដ្ឋខ្មែរដែលទៅលេងបុណ្យសមុទ្រក្នុងរយៈពេល៣ថ្ងៃ ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាតប្រទេសថៃបាន ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណទៅជាមួយ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាតរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រខាងមុខ។
លោកមានប្រសាសន៍ទៀតថា ប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផង ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម។
...








