ក្រសួងការងារនាំក្រុមហ៊ុនចំនួន ៦ទៅផ្តល់ឱកាសការងារជាង ៤ពាន់កន្លែង ដោយផ្ទាល់ជូនអតីតពលករ និងអ្នករកការងារនៅស្រុកស្រីស្នំ ខេត្តសៀមរាប
(សៀមរាប)៖ ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសការងារដល់បងប្អូនអតីតពលករមកពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបានការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។
នាឱកាសនោះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែណែនាំឱ្យក្រសួងការងារ ដាក់ចេញនូវគោលនយោបាយគាំពារដល់បងប្អូនពលករ ដើម្បីឱ្យមានឱកាសការងារ និងអនាគតដ៏ភ្លឺស្វាងនៅក្នុងស្រុកកំណើត មិនចាំបាច់ចំណាកស្រុកទៅឆ្ងាយឡើយ។
លើសពីនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ...








