(ភ្នំពេញ)៖ នៅសណ្ឋាគារ Raffles Hotel Le Royal មានកិច្ចជំនួបសន្ទនា និងអាហារការងារពេលព្រឹក រវាង លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន ១៦៥.៦១២តោន, ចេកបានចំនួន ២៧២.០២៣តោន និងស្វាយបានចំនួន ២១១តោន នាពេល ៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិជំងឺកូវីដ-១៩។
ទន្ទឹមនេះដែរ ឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យភាគីចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម។ល។ ឧបនាយក...