គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ត្រូវបានយកចេញនាវាចម្បាំងលិចទឹក នាសម័យសង្រ្គាមឆ្នាំ១៩៧០ ឆ្នាំ១៩៧៥
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញពិនិត្យមើលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងលិចទឹកមួយគ្រឿង នាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលត្រូវបានក្រុមបោសសម្អាតគ្រាប់យុទ្ធភណ្ឌ បើកប្រតិបត្តិការស្រង់បានពីនាវាលិចនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាពេលកន្លងមកថា «ឥឡូវនេះក្រុមការងារកំពុងតែសម្រុកដោយហេតុថា ក្រុមរបស់យើងបានចូលទៅដល់ក្នុងទីតាំងនាវា ដែលបានលិចនោះហើយ។ បើគិតមកដល់ពេលនេះ ក្រុមការងារយើងប្រមូល និងស្រង់បានសរុបជាង៥តោនហើយ...! គ្រាប់កប់ក្នុងនាវាចម្បាំងនេះមានច្រើនណាស់»។
លោកមេបញ្ជាការបានឲ្យដឹងទៀតថា គ...








