លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត ពីរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ៖ លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា យកសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជ បណ្ឌិត្យសភាកម្ពុជា ប្រគល់ជូនដល់លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដល់គេហដ្ឋានផ្ទាល់របស់លោកស្រីនៅរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» និងបានប្រើឈ្មោះថា «អ្នកស្រី ត្រឹង ងា» នៅលើសៀវភៅ ដែលបានបោះពុម្ពតាំងពីឆ្នាំ១៩៧៤មកម្លេះ។ សៀវភៅនេះត្រូវបានសាធារណជនទទួលស្គាល់ថា ជាប្រភពឯកសារដ៏ចម្បងនិងបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវនិងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។
ដោយមើលឃើញពីការលះបង់ទាំងពេលវេលា ក...








