ដំណឹងល្អ! បងប្អូនកម្មករនិយោជិតទទួលបានការដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ កើនឡើងដល់ចំនួន ២១០ដុល្លារ សម្រាប់ឆ្នាំ២០២៦
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។
តាមរយៈកិច្ចប្រជុំដែលធ្វើឡើងសរុបចំនួន ២៣លើក តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក បានយល់ច្បាស់ពីស្ថានភាព នៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក ភាពប្រកួតប្រជែង និងស្ថានភាពប្រាក់ឈ្នួលអប្បបរមារបស់កម្ពុជា ធៀបនឹងបណ្តាប្រទេសមួយចំនួន និងស្ថានភាពជាក់ស្ដែងនៃទីផ្សារការងារ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំ២០២៦។ តំណាងភាគីនិយោជក បានស្នើសុំរក្សាតួលេខប្រាក់ឈ្នួលអប្បបរមានៅដដែល ខណៈ តំណាងភាគីកម្មករនិយោជិតក៏មិនជំទាស់នឹងសំណើនេះ និងស...








