សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបលោក អាគីបា តាខេអូ (Akiba Takeo) ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន
នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក អាគីបា តាខេអូ ទីប្រឹក្សាសន្តិសុខជាតិ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Akiba Takeo និង ប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈទស្សនកិច្ច និងការពិភាក្សាគ្នានាពេលនេះ។
នៅក្នុងឱកាសជំនួបនេះ លោក Akiba Takeo បានសម្តែងនូវក្តីសោមនស្សរីករាយ និងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ចូលជួបពិភាក្សាការងារ។ លោក បានវាយតម្លៃខ្ពស់ច...








