សម្ដេចក្រឡាហោម៖ សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ
ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមមូលនិធិសម្ដេច តេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមផងដែរ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំលើកដំបូងជា មួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពការងាររបស់សមាគម។
...








