ថ្ងៃ១មេសា ១៩៧៥ មូលហេតុអ្វីសេនាប្រមុខលន់ នល់ ត្រូវភៀសខ្លួនទៅអាមេរិក?
ស្រាវជ្រាវដោយ ឈឹម សេរីភួន
ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋមន្រ្តីទី១ ឡុង បូរ៉េត បានធ្វើដំណើរទៅជួបសេនាប្រមុខលន់ នល់ នៅវិមានប្រធានាធិបតីចំការមន តាំងពីព្រលឹមស្រាងៗមកម្ល៉េះ។
ប្រហែល១ម៉ោងបន្ទាប់មកទៀត គេឃើញរថយន្តរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ ចូលមកដល់ ហើយទ្រង់បានចុះពីរថយន្តដើរសំដៅទៅរកសេនាប្រមុខលន់ នល់ ដែលនៅវិមានប្រធានាធិបតីចំការមន នោះដែរ។
លុះដល់ម៉ោង៨ ឯកអគ្គរដ្ឋទូតអាមេរិក ចន ហ្គាន់ធឺ ឌៀន (John Gunther Dean)
ក៏បានមកដល់ ហើយសុំចូលជួបសេនាប្រមុខលន់ នល់ ដែលនៅជុំជាមួយសាច់ញាតិចាស់ៗរបស់គាត់ស្លៀកសំពត់ចងក្បិនតាមប្រពៃណីខ្មែរពីបុរាណ មកពីស្រុកកំណើតនៅឯខេត្តព្រៃវែង ខណៈគាត់កំពុងបានលួងលោមបងប្អូនសាច់ញាតិគាត់ កុំឲ្យយំសោកធ្វើអ្វី ព្រោះគាត់នឹងវិលត្រឡប់មកមាតុប្រទេសវិញទេតើ ។
ចំណែក សក់ ស៊ុតសាខន ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលទើបនឹងឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកថ្មីៗនោះ គិតតែដក្រពាត់ដៃទៅក្រោយ ដើរពីមុខ...








