រដ្ឋមន្ត្រីក្រសួងការងារ៖ការវិនិយោគជប៉ុនបានជួយសេដ្ឋកិច្ចពាំនាំនូវប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យដល់កម្ពុជា
(ភ្នំពេញ)៖ លោក Fumiaki Takahashi ប្រធានសមាគមជប៉ុនកម្ពុជា(JC A) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (២០០៣- ២០០៧) និងលោក KATO Kazunori ជានាយកប្រតិបត្តិសមាគម នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំប្រតិភូដែលជាអ្នកវិនិយោគមកពីប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគ ក៏ដូចជាកម្មសិក្សាការីដែលបានចេញទៅធ្វើការនៅប្រទេសជប៉ុននៅទីស្តីការក្រសួងការងារ។
លោក អ៊ិត សំហេង សម្តែងការរីករាយដែលបានជួបជាមួយខាងសមាគមជប៉ុនកម្ពុជា(JC A) ដែលជាឱកាសមួយក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា រវាងប្រទេសយើងទាំងពីរ កម្ពុជា-ជប៉ុន ឯកឧត្តមសង្ឃឹមថាទស្សនកិច្ចរបស់គណៈប្រតិភូដែលជាអ្នកវិនិយោគជប៉ុននៅលើទឹកដីកម្ពុជា ពិតជានាំមកនូវការពូនជ្រំសាមគ្គីភាព រវាងប្រជាជន និងប្រជាជនរបស់យើងកាន់តែរីកចម្រើនបន្តទៀត។
...








