បាត់ដំបងនៅថ្ងៃ១៧មេសា១៩៧៥ ពួកខ្មែរក្រហមមិនទាន់ជម្លៀសប្រជាជនចេញពីទីរួមខេត្ត ភ្លាមៗទេ
ដោយ៖ ឈឹម សេរីភួន
(SBM News)៖ ចំណែកនៅទីរួមខេត្តបាត់ដំបង ឯណោះវិញ បើទោះបីបានឮវិទ្យុភ្នំពេញ ប្រកាសឲ្យដាក់អាវុធ តាំងពីព្រឹកថ្ងៃទី ១៧ ខែមេសា ក៏ពិតមែន ក៏ពួកទាហាននៅទីរួមខេត្តនេះ បន្តការប្រយុទ្ធរហូតដល់ម៉ោង៦ព្រលប់ ទើបវរសេនីយ៍ឯកឡេង រ៉ាអ៊ូល មេបញ្ជាការរងយោធភូមិភាគទី៣ ចេញបទបញ្ជាឲ្យពលទាហានបញ្ឈប់ការប្រយុទ្ធ ហើយវិលត្រឡប់ចូលបន្ទាយវិញ។
ពេលនោះ កងទ័ពខ្មែរក្រហមក៏ចាប់ផ្ដើមនាំគ្នាចូលមកកណ្ដាលក្រុងបាត់ដំបង ជាបណ្ដើរៗបណ្ដើរដែរ។ តែឧត្តមសេនីយ៍សេក សំអៀត ជាអភិបាលខេត្ត និងជាមេបញ្ជាការយោធភូមិភាគទី៣ បានរត់គេចខ្លួនចូលទៅទឹកដីថៃតាំងពីវេលាម៉ោង១៤រសៀលបាត់ទៅហើយ។
យប់ថ្ងៃទី១៧ ខែមេសា ពួកខ្មែរក្រហម និងវរសេនីយ៍ឯកឡេង រ៉ាអ៊ូល បានប្រកាសអំពាវនាវឲ្យតាមរលកធាតុអាកាសវិទ្យុសំឡេងខេត្តបាត់ដំបង ឱ្យកងទ័ពទាំងសងខាងរួបរួមគ្នា។
នៅព្រឹកថ្ងៃទី១៨ ខែមេសា មេខ្មែរក្រហមជាថ្នាក់ដឹកនាំភូមិភាគពាយ័ព្យ និងអាជ្ញាធរខេត្តបាត់ដំបង បានរួមគ្នាបង្កើតគណៈកម្មការចម្...








