បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងសមិទ្ធផលនានាវត្តមុនីរង្សី (ហៅវត្តថ្មី)ខេត្តកំពង់ធំ
កំពង់ធំ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។
លោកបណ្ឌិត សូមចូលរួមត្រេកអរ ចំពោះព្រះវិហារថ្មី និងសមិទ្ធផលជាច្រើនក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលត្រូវបានសម្ពោធឆ្លងនាពេលនេះ ក្រោមម្លប់នៃសុខសន្តិភាព និងស្នាមញញឹមរីករាយ របស់ព្រះចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជានិច្ចកាលសម្តេចតេជោនាយករដ្ឋមន្ត្រី តែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ របស់ប្រជាជន ជាពិសេសការខិតខំកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យចរន្តសេដ...








