កិច្ចប្រជុំកំពូលឥស្លាមស្តីពីឥស្លាម និងពុទ្ធសាសនាជាលើកដំបូង នឹងត្រូវរៀបចំនៅក្នុងប្រទេសកម្ពុជា
អង្គការសម្ព័ន្ធពិភពឥស្លាម នឹងរៀបចំកិច្ចកិច្ចប្រជុំកំពូលឥស្លាមស្តីពី«ឥស្លាមនិងពុទ្ធសាសនា»ដែលជាកិច្ចប្រជុំដំបូងគេនៅប្រទេសកម្ពុជានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ដែលពិធិបើកនឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គការសម្ព័ន្ធពិភពឥស្លាម។
លោក បណ្ឌិត អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការកសាងនូវសង្គមួយប្រកបដោយសន្តិភាព សហវិជ្ជមាន និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ លោកបណ្ឌិតបន្តថា កម្ពុជាដោយត្រូវបានពិភពលោកទទួលស្គាល់ជាប្រទេសគំរូ ដែលមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមិនធ្លាប់មានជម្លោះ ឬអំពើហិង្សាសាសនានោះទេ។
...








