សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យជួយទំនុកបម្រុង និងផ្តល់ឱកាសដល់កុមារ ជួបការលំបាក និងងាយរងគ្រោះបានចូលរៀន
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សា ហ៊ុន សែន កំចាយមារ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច បានថ្លែងអំណរគុណយ៉ាងស្មោះដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង អប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រៃវែង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវផែនការ គោលនយោបាយ និងកម្មវិធីកំណែ ទម្រង់នានា និងជួយបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងធ្វើឱ្យសាលាមត្តេយ្យសិក្សា, បឋមសិក្សា, វិទ្យាល័យ និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៃមជ្ឈមណ្ឌល អប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានដំណើរការបណ្តុះបណ្តាល សិស្សានុសិស្ស...








