រដ្ឋមន្ត្រីក្រសួងការងារ ណែនាំមន្ត្រី ប.ស.ស. ត្រូវបន្តបម្រើសេវាសង្គម ដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ បេឡាជាតិសន្តិសុខសង្គម បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ បុគ្គលិក នៃរបស់បេឡាជាតិសន្តិសុខសង្គម ត្រូវបន្តចាត់ទុកខ្លួនជាអ្នកបម្រើសេវាសង្គមជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ព្រមទាំងកម្មករនិយោជិត តាមរយៈការផ្ដល់សេវាសាធារណៈ ប្រកបដោយភាពទន់ភ្លន់ ក្រមសីលធម៌ មនសិការវិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនោះ លោកបណ្ឌិត អ៊ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ បេឡាជាតិសន្ដិសុខសង្គម ជាពិសេសសមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលមានសមាសភាពត្រីភាគី...








