ទំនិញនាំចូលតាមច្រកស្រុកកោះធំ គឺគេចពន្ធខ្លះនឹងបង់ពន្ធមិនគ្រប់ខ្លះ ដើម្បីរកចំណេញចែកជាមួយមន្ត្រីគយ
កណ្តាល៖ រថយន្តដឹកទំនិញ ដែលសង្ស័យថា ជាទំនិញគេចពន្ធ ឬបង់ពន្ធមិនគ្រប់ របស់លោកឧកញ៉ា សុខ ថៃ ដែលបានធ្វើចរាចរណ៍នាំចូលទំនិញពីប្រទេសវៀតណាម តាមច្រកកោះធំ ក្នុងខេត្តកណ្តាល ដោយមិនមានការត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីគយ ប្រចាំនៅច្រកទ្វារអន្តរជាតិនេះឡើយ។
តាមការបញ្ជាក់ពីក្រុមឈ្មួញដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម បានឲ្យដឹងថា ទំនិញរបស់លោកឧកញ៉ា សុខ ថៃ ត្រូវបានដឹកមកស្តុក នៅក្នុងឃ្លាំងជាច្រើនកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថិតក្នុងដែនដីត្រួតត្រាបង់ពន្ធរបស់លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករប្រចាំខេត្តកណ្តាល។
ប្រជាពលរដ្ឋបានអះអាងថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មានពីរទីតាំងផ្សេងគ្នា គឺស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងខេត្តតាកែវ បានប្រាប...








