លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតជិត ៣ពាន់នាក់ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា
(វិមាន៧មករា)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតជិត ៣ពាន់នាក់ ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសូមចូលរួមអបអរសប្បាយរីករាយ ជាមួយនឹងសាស្ត្រាចារ្យ បុគ្គលិកអប់រំ និងនិស្សិតទាំងអស់ ចំពោះការសម្រេចចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយនឹងមហាគ្រួសារដ៏កក់ក្តៅនៃគណបក្សប្រជាជនកម្ពុជា ដែលជាគ្រួសារដ៏ធំជាងគេ និងដែលសម្រេចបាននូវស្នាដៃ ព្រមទាំងគុណបំណាច់យ៉ាងធំធេងជាច្រើននៅក្នុងបុព្វហេតុបម្រើជាតិ និងការពារប្រជាជនដោយស្មោះត្រង់ និងដោយគ្មានរើសអើង។
លោកបណ្ឌិត បានលើកឡើងថា ក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ អ្នកស្នេហាជាតិជាថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃមហាគ្រួសា...








