ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ នឹងធានាបាននូវប្រាក់ចំណេញគួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។
ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទា...








